រឿងភ្នំប្រុសភ្នំស្រី នៅខេត្តកំពង់ចាម

    Author: vannak Genre: »
    Rating


    បើយើងធ្វើដំណើរចេញពីក្រុងភ្នំពេញទៅកំពង់ចាម តាមផ្លូវជាតិលេខ៧ ទៅដល់គោលគីឡូម៉ែត្រទី១១៦ ហើយចោលភ្នែកទៅទិសឥសាន ដែលនៅខាងឆ្វេងដៃ ចំងាយពីថ្នល់ជាតិទៅប្រមាណ១គីឡូម៉ែត្រ យើងនិងឃើញភ្នំពីរ នៅទន្ទឹមគ្នា មួយនៅខាងកើតខ្ពស់ មួយនៅខាងលិចទាប។ ភ្នំខ្ពស់ឈ្មោះភ្នំស្រី ឯភ្នំទាបឈ្មោះភ្នំប្រុស។ រឿងព្រេង ប្រចាំភ្នំនេះមានដូចតទៅ ៖
    កាលពីព្រេងនាយ មានស្តេចស្រីមួយព្រះអង្គព្រះនាម “ស្រីអយុធ្យា” សោយរាជ្យនៅនគរខ្មែរ។ ដោយព្រះនាងជាស្តេចសោយរាជ្យ គ្មានបុរសណាមួយហ៊ានដណ្តឹងយកជាភរិយាឡើយ ម៉្លោះហើយព្រះនាងរកដណ្តឹងបុរសដ៏មានរូបជាទីគាប់ព្រះទ័យមកធ្វើ ជាព្រះស្វាមីវិញ ហើយដោយហេតុព្រះរាជិនី ស្រីអយុធ្យាដណ្តឹងប្រុសជាព្រះស្វាមីដូច្នោះ ស្រីៗដែលនៅក្រោមព្រះរាជឱវាទ ក៏ដណ្តឹងប្រុសៗធ្វើជាស្វាមីតាមដែរ ។
    ក្នុងរជ្ជកាលនោះគួរឱ្យវេទនានឹងស្រីខ្លះ ដែលមានរូបអន់ៗទៅរកដណ្តឹងប្រុសៗ គេនាំគ្នាប្រកែកមិនយក គេរើសតែស្រីៗមានរូបល្អៗ ទើបយកធ្វើជាភរិយា។ ធ្វើដូច្នេះអស់មួយរាជ្យស្តេចស្រីនេះ ។ លុះមកដល់រាជ្យស្តេចក្រោយៗទៀត ពួកស្រីៗជំនុំគ្នាថា “ឥឡូវនេះដូចជាមិនសមសោះ ខ្លួនយើងជាស្រីហើយដើរដណ្តឹងប្រុសៗធ្វើជាប្តី ដូច្នេះយើងនឹងនាំគ្នាលើកដីចាក់ពូនជាភ្នំ ភ្នាល់ជាមួយនិងពួកប្រុសៗ គឺប្រុសលើកដីធ្វើជាភ្នំមួយ យើងស្រីធ្វើជាភ្នំមួយភ្នាល់គ្នា។ បើប្រុសៗចាញ់យើងត្រូវឱ្យប្រុសៗដណ្តឹងយើងជាស្រីវិញ” ។ លុះគិតដូច្នេះហើយ ក៏នាំគ្នាទៅបបួលពួកប្រុសៗធ្វើភ្នំ ចុះខសន្យាភ្នាល់គ្នាដូចពោលមក ហើយគេក៏បានចាត់មេកំណែន កេណ្ឌមនុស្សស្រីឱ្យបានច្រើន ខាងប្រុសមានមេកំណែនខាងប្រុសដើរកេណ្ឌ ខាងស្រីមានមេកំណែនខាងស្រីដើរកេណ្ឌ ។ លុះកេណ្ឌបានគ្នាច្រើន គ្រប់ចំនួនខាងប្រុស-ខាងស្រីរួចហើយ ក៏និយាយនិងគ្នាថា “យើងទាំងអស់ត្រូវជញ្ជូនដីដរាបដល់ផ្កាយព្រឹករះទើបឈប់ទាំងអស់ គ្នា បើផ្កាយព្រឹកមិនរះមិនត្រូវឈប់ទេ។ គិតព្រមគ្នាដូច្នេះហើយ ក៏នាំគ្នាជញ្ជូនដីរែកទូលតាមថាមភាពរៀងៗខ្លួនទៅ”។

    ភ្នំស្រី
    ពេលនោះជាពេលរាត្រី ពួកស្រីៗមានប្រាជ្ញាជញ្ជូនដីអស់វេលា៣-៤ម៉ោង ក៏នាំគ្នាបង្ហូតគោមតូចមួយយ៉ាងខ្ពស់ នៅជ្រុងឥសានភ្នំ ពួកប្រុសៗក្រឡេកមើលទៅលើ ឃើញគោមដែលស្រីបង្ហូតនិងឫស្សីមួយដើមនោះ ស្មានថាផ្កាយព្រឹករះក៏បបួលគ្នាឈប់ធ្វើការ នាំគ្នានិន្ទ្រាលក់អស់ទៅគ្មានសល់ម្នាក់ ពួកស្រីៗក៏នាំគ្នាជញ្ជូនដីដរាបដល់ផ្កាយព្រឹករះមែនទែនទើបឈប់។
    ដល់មាន់រងាវកឺត ប្រុសៗភ្ញាក់ឡើង ឃើញផ្កាយព្រឹករះក៏លាន់មាត់ថា “យើងទាំងអស់គ្នាខុសហើយ ផ្កាយព្រឹកមែនទែនទើបតែនិងរះសោះ” ។ ហើយនាំគ្នាក្រឡេកមើលទៅភ្នំស្រីមានទំហំខ្ពស់ជាងភ្នំរបស់ខ្លួន ក៏មានសេចក្តីអៀន អន់ក្នុងចិត្តដោយចាញ់កលស្រីៗ ។ តាំងពីកាលនោះមកប្រុសៗក៏ដណ្តឹងស្រីៗធ្វើជាភរិយាដរាបដល់សព្វ ថ្ងៃនេះ ។