​រឿង​អ្នកតា​ឈ្មោះ​យាយ​ទេ​ព្វ នៅ​ខេត្តព្រៃវែង​

    Author: vannak Genre: »
    Rating


    ​អ្នកតា​នេះ​មាន​តាំងពី​យូរ​មកហើយ តាំងទី​អាស្រ័យ នៅ​វាល​បឹង ភូមិ​វាល ឃុំ​បាទី ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង ។ បឹង​នេះ​ជា​វាល​ធំ​ទូលាយ មាន​ស្រះ​ដាំ​ដោយ​ដើម​ឈូក មី​ដេរដាស ដោយ​ផ្កា នឹង ផ្លែ ជាដើម ។ នៅ​ខាងលិច​ហៅ​ភូមិ​ស្វាយ​សាក់ ខាងជើង​ហៅ​ភូមិ​វាល  (​បច្ចុប្បន្ននេះ ត្រូវបាន​ឲ្យ​នាម ហៅថា​ភូមិ​សាមគ្គី​) ខាងត្បូង​ហៅ​ភូមិ​បាទី ខាងលិច​ហៅ ភូមិ​ព្រៃ​ព្រំ ។ ទី​អាស្រម តាំងនៅ​កណ្តាលវាល​នេះ​ប្របផ្លូវ​រាជការ ។ អាស្រម​នេះ​មាន​គេហដ្ឋាន​ពីរ​ជាប់​គ្នា ។ នៅ​ជ្រុង​ឥសាន​ចម្ងាយ​ពី​អាស្រម​នេះ​ចំនួន ១០ ម៉ែត្រ មាន​ដើម​ពោធិ​ដ៏​ធំ​១​ដែល​បរិបូ​ណ៍​ដោយ​មែក និង​ស្លឹក ជះ​ម្លប់ មាន​ខ្យល់អាកាស​ល្ហើយ​ត្រជាក់ ជាទី​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ របស់​អ្នកដំណើរ ដែល​បាន​ចូលទៅ​ស្នាក់អាស្រ័យ នៅក្រោម​ម្លប់​ពោធិ​នោះ ។ នៅក្បែរនោះ មាន​អណ្តូងទឹក​មួយ ជាទី​បន្ទោបង់​នូវ​សេចក្តី​សំរេក​គំលាន របស់​សត្វពាហណៈ និង​ជន​ក្នុងស្រុក​ព្រមទាំង​អ្នកដំណើរ​ផង ។ នា​រដូវ​ផ្កា​ផ្លែ មាន​សត្វ​បក្សី បក្សា​ហើរ​មក ទំ​ប្រ​ចិក​ដណ្តើម​ផ្លែ ផ្កា​ទាំងនោះ  បង្កើតបានជា​សម្លេង ទ្រហឹង​អឹងកង នៅ​ទីកន្លែង​នេះ ។
    ​    ​មុខគួរ​ឲ្យ​ស្តាប់ ដោយសូរស័ព្ទ​សម្លេង​សត្វ​ទាំងនោះ ពិ​រោះពន់ពេក ។
    ​    ​ពី​ទី​អាស្រម​នេះ បើ​គេ​ធ្វើដំណើរ ទៅ​សាលាស្រុក​ស៊ីធរ​កណ្តាល ចម្ងាយ​ផ្លូវ​ចំនួន ១៣ គីឡូម៉ែត្រ ។ បើ​គេ​ធ្វើដំណើរ ទៅ​ខេត្តព្រៃវែង​វិញ ចម្ងាយ​ផ្លូវ​ចំនួន ២៨ គីឡូម៉ែត្រ ។
    ​មុនដំបូង​អ្នកតា​នេះ អ្នកស្រុក​ហៅថា ជា អ្នកតា​យាយ​ទេព ។ លុះ​យូរ​មកទៀត អ្នកស្រុក​បាន​ពិនិត្យមើល ទីកន្លែង​វាល​នេះ​ឃើញ​មានទឹក​ល្ហាចល្ហរ​ទូលាយ ។ គេ​ក៏បាន​កសាង អ្នកតា​មួយទៀត ដ​ម្ក​ល់​ទុក​នៅ​អាស្រម​ម្ខាង​ទៀត ។ គេ​ហៅថា​អ្នកតា​បឹង​វិញ ដោយហេតុថា វាល​នេះ​មាន​គ្រោង​ដូច​បឹង ហើយ​បាត់ឈ្មោះ​អ្នកតា​យាយ​ទេព​នេះ​ទៅ ។
    ​    ​លុះ​មកដល់​ឥឡូវនេះ ពុំមាន​មនុស្ស ស្គាល់​អ្នកតា​ឈ្មោះ​យាយ​ទេព​ទេ ។ គេ​ស្គាល់​ត្រឹមតែ​អ្នកតា​ឈ្មោះ​តា​បឹង​ប៉ុណ្ណឹង ។ អ្នកតា​នេះ​មាន​តេជានុភាព ល្បី​ទូរ​ទៅក្នុង​ទី​រួម​ខេត្ត​ទាំងមូល ។ មនុស្ស​ដែល​នៅ ក្នុង​សាកល​នោះ សឹងតែ​គោរព កោតខ្លាច អ្នកតា​នេះ​ទាំងអស់ ។ បើ​អ្នកណា​មាន​ជម្ងឺ​អ្វីៗ ហើយ​បាន​ទៅ​បែប​ន់់​ដល់ទី​អាស្រម​នេះ ក៏​រមែង​បានជា​សះស្បើយ​ដូច​សេចក្តីប្រាថ្នា ។ ចំណែក​ខាង​រាជការ បើ​មាន​លោក​ចៅហ្វាយ ស្រុក​មួយណា​ដែល​ទើបនឹង​មកឈរ​ស្រុក​ថ្មី លោក​ក៏​តែង​រៀប​ពិធី​ឡើង អ្នកតា នៅ​ទី​អាស្រម​អ្នកតា បឹង​នេះ​គ្រប់​ចៅហ្វាយស្រុក ។
    ​    ​នៅ​ឱកាស​ឡើងអ្នកតា​នោះ មាន​អ្នក​មន្ត្រីឃុំ​ក្រុម​ជំនុំ​រាជការ ក្រវែល​ស្លៀកពាក់​តែង​តាមរបៀប​មាន​ស្ពាយ​កាំភ្លើង​ពិជ័យសង្គ្រាម​ផង ។ ចំណែក​លោក​ចៅ​ហ្វាយ​ស្រុក​ក៏​​រៀបចំ​ស្លៀកពាក់​តាម​សណ្តាប់​អ្នកធំ មាន​អ្នកមុខអ្នកការ​ធំ​តូច ធ្វើដំណើរ​ដើរ​ហែរ​ហម ជូន​លោក​ទៅ​ឡើងអ្នកតា ដោយមាន​យានជំនិះ​គ្រប់គ្នា​ទៅ ។​
    ​    ​លុះដល់​អាស្រម​អ្នកតា ក៏បាន​ធ្វើ​សេចក្តី​គោរព​អ្នកតា រួច​រៀប​ក្រាលកន្ទេល​នៅមុខ​អាស្រម មាន​រៀប​តុ​កៅអី​ជូន​អង្គុយ​តាម​ឋានន្តរៈសក្តិ ។ ឯ​ក្រសួង​ចុងភៅ រៀប​ធ្វើ​ចង្ក្រាន​ស្ល​ដណ្តាំ នៅក្បែរ​ទី​អាស្រម​នោះ មាន​មាន់ ទា ត្រី សាច់​ជាច្រើន នឹង​សុរ៉ា​ផង ។ ធ្វើ​ម្ហូប​នោះ​មានស្ងោរ និង អាំង​ជាដើម ។ គេ​ជ្រើស​រក​ត្រង់​ថ្លើម បេះដូង ដំកល់​លើ​ស្ពក​សំរាប់​ថ្វាយ​អ្នកតា ព្រមទាំង​អាកាសា​ហាវ​(​សុរា​)​ផង​ហើយ មាន​ក្បាលជ្រូក​ដាក់​អម​ទៀត ។
    ​    ​នៅមុខ​អាស្រម​គេ​ធ្វើ​រាន ៥ ថ្នាក់​សំរាប់​ដាក់​បាយសី​មួយគូរ​សំពត់​ស​ឆ្វេង​-​ស្តាំ ១​ថ្នាក់ ផ្កាដូង ១ គូរ ១​ថ្នាក់ គ្រឿង​សក្ការៈ​១​ថ្នាក់ ស្លាជម ១ គូ ពែ​៧​រួត ទឹកអប់ ១​ថ្នាក់ ជើងពាន​ស្លា បារី ផ្កាចំប៉ី ក្រមួនមាត់​ទឹកអប់ ១​ថ្នាក់ ។ ពួក​ភ្លេង​គឺ : ស្គរ ២ ទ្រខ្មែរ ១ ចាប៉ី ១ ប៉ីពក ១ អ្នកចម្រៀង ១ ហើយ​មាន​រូប​បញ្ជាក់​សំរាប់​ទទួលដំណឹង​ពី​អ្នកតា ១ ។ រូបនោះ​ពិនិត្យមើល​ប្រដាប់ប្រដា​ដែល​ខ្លួន​ធ្លាប់​រៀបចំ​ពី​ដើម ។ បើ​នៅ​ខ្វះខាត​ក៏​ជួយ​រៀបចំ​បង្គ្រប់​ទៀត ។ បើ​មើលឃើញ​មាន​សព្វគ្រប់​តាមរបៀប​ហើយ ក៏​ស្ងៀម​ទៅ ។ ពេលនោះ​ជន​ទាំងឡាយ មាន​លោក​ចៅហ្វាយស្រុក​ជាដើម  ក៏​រៀបចំ​បរិភោគ​ភោជនាហារ ជាទី​កំសាន្ត​តាម​ទម្លាប់ និង​តាម​លំដាប់លំដោយ ។ លុះ​បរិភោគ​រួចហើយ ពួក​ភ្លេង​ក៏​ល្បង ទ្រ​តឹង​ខ្សែ បញ្ចុះ​គ្នា ។ លុះ​ត្រឹមត្រូវ​គ្នា​ហើយ  តាំង​លេង​បទ​ឃុំ​រោង ។ ឯ​រូបនោះ​ក៏​រៀប​ស្លៀកសំពត់​ហូល អាវ​ព្រែ​ខៀវ​ផាហ៊ុម​ពណ៌​ចុង​លាក់ ស៊ី​ស្លា លាប​ក្រមួនមាត់ ដើរ​មើល​ប្រដាប់ប្រដា  យក​ផ្កាចំប៉ី​មក​ហិត ។ ពួក​ភ្លេង​ប្រែ​បទ​លេង​បទ​មួយទៀត ហៅ​បទ​អញ្ជើញ​គ្រូ ទំនុកច្រៀង​ថា ៖ “ អឺយៗ ថ្ងៃរសៀល​សុរិយា ‹​ផ្ទួន​ពីរៗ​ដង​› រៀប​ប្រដាប់ប្រដា លោក​អឺយ​ល្អ​ឥត​ប្រដូច អឺយ​សូម​អញ្ជើញ​គ្រូ​តូច អូន​អើយ សូម​អញ្ជើញ​គ្រូធំ អញ្ជើញ​មកជួបជុំ​លោក​អឺយ សូម​ទទួល​ក្រ​យ៉ា​” ។ ត្រង់នេះ​រូប​គ្រវីក្បាល​ទះដៃ​ផាំង ស្ទួយ​ជើងពាន រាំ​ប្រទក្សិណ ដៃ​រាំ​ផ្លះ​ជើងពាន​ម្ខាង​ម្ដង ជើង​មួយ​ឈរ ជើង​មួយ​បន្ទន់ ងាក​ទៅខាង​ធ្វេ​ង​ម្ដង ឈរ​ខាងឆ្វេង​បន្ទន់​ជើង​ស្ដាំ ងាក​ទៅខាង​ស្ដាំ​ឈរជើង​ខាងស្ដាំ បន្ទន់​ជើងឆ្វេង រាំក្បាច់​តែ​យ៉ាងនេះ បើ​ស្គរ​វាយ​រង្វើល ក្បាច់​រាំ​ក៏​រង្វើល បើ​ស្គរ​វាយ​ញាប់ ក្បាច់​រាំ​នេះ​ក៏​ញាប់ ។​
    ​    ​លុះ​ចប់​ភ្លេង​មួយ​បទ​នេះហើយ រូប​ក៏​អង្គុយ​ទះដៃ​ផ្ដាច់​ទាញ​បារី​មក​អុជ​ជក់ ធ្វើ​ក្បាល​ងឺ​ត ងាក​សួរថា ៖ “ អ្នកឯង​រាល់គ្នា ហៅ​យើង​មក​មានការ​អ្វី ?” ពេលនេះ​ពួក​ក្រុម​​ទាំងអស់​​ក៏​​បន្ទន់​កាយ​តប​ទៅ​ថា ៖ “​ខ្ញុំ​ទាំងអស់គ្នា​នេះ សូម​អញ្ជើញ​អស់លោក​” ។ មកជា​អធិបតី ព្រោះ​លោក​ចៅហ្វាយស្រុក​ថ្មី លោក​ទើបនឹង​អញ្ជើញ​មកឈរ​ស្រុក​ថ្មី​នេះ។ សូម​លោក​ជ្រក​ក្រោម​ម្លប់​អស់លោក។ សូម​ឲ្យ​ប្រកបដោយ​សេចក្ដីសុខ​សប្បាយ កុំ​ឲ្យ​មាន​ជម្ងឺ​អ្វី​មក​បៀតបៀន​” ។ រូប​ថា ៖ “​ឥ​ចឹ​ង​អើយ បើ​ដូច្នេះ​មិន​អី​ទេ យើង​ឈ្មោះ​អ្នកតា​បឹង យើង​ក៏​សុខចិត្ត​ដែរ តែ​ត្រូវ​ឲ្យ​ឯង​យក​អាកា​សាហាវ​មក​ថ្វាយ​យើង យើង​នឹង​ឲ្យ​ឯង​បាន​សេខ​ក្ដី​សុខ​សប្បាយ ទើប​គេ​ចាក់​ស្រា​មួយ​កែវ​ថ្វាយទៅ​រូបនោះ​ផឹក រួចហើយ​តាំងធ្វើ​ក្រមួន​កំបោរ ព្រមទាំង​ខ្សែ​អំបោះ សូត​សែ​ប​មន្តអាគម​ផ្លុំ​បញ្ចូល​ក្រមួន​កំបោរ ចែក​ឲ្យ​លាប​ដាក់​ខ្សែ​ចងដៃ​ជាដើម​សព្វ​គ្នីគ្នា​ទៅ ។​
    ​    ​រូប​ប្រាប់ថា ៖ “​អើ ឥឡូវ​អស់ចិត្ត​ហើយ យើង​លា​ទៅវិញ​” ។ ត្រង់ណេះ​ពួក​ភ្លេង​លេង​បទ​អ៊ុំ​ទូក ជា​ពិធី​ធ្វើដំណើរ​ជូន​អស់លោក​អញ្ជើញ​ទៅវិញ ដោយ​ទំនុកច្រៀង​ថា ៖ …… ‹​បង​អ៊ុំ​ទូក​ទៅ ទៅ​បេះៗ ស្រម៉ ស្រ​ម៉ោ​ច​ខាំ​ក ឡេ​ឡ​ឡើងគោក​› ។ ត្រង់នេះ​រូបនោះ​រាំ​ដើរ​ទក្សិណ​បី​ជុំហាន ហើយក៏​ឈប់ សម្មត់​ថា​ចប់​ពិធី​ឡើងអ្នកតា ហើយ​ពួកគេ​ក៏​រៀបចំ​ប្រដាប់ប្រដា​សព្វគ្រប់ ហើយ​វិល​ទៅកាន់​ទីលំនៅ​រៀងខ្លួន ។ ចំណែក​លោក​ចៅហ្វាយស្រុក​ក៏​នាំ​ពួក​រាជការ​ចូលទៅ​សាលាស្រុក ធ្វើការ​តាម​ក្រសួង​ទៅ ។​
    ​    ​មាន​អ្នកតា​ព្រះ​ស្រុក​មួយ ក្នុងពេល​លេង​ហ៊ួ​យ​មានរឿង​ព្រេង​ដំណាល​ថា ៖ ឈ្មោះ ខិម ទៅ​បន់អ្នកតា​នេះ​ថា “​បើ​លោកតា​ឲ្យ​ខ្ញុំ​ដាក់​ហ៊ួ​យ​ត្រូវ​ខ្ញុំ​ថ្វាយ​ផ្កា​ដួង ១ គូ “ ។ ល្ងាច​នោះ ឈ្មោះ ខិម ដេក​ទៅ​យល់សប្តិ​ថា ហ៊ួ​យ​ចេញ​អណ្ដើក ។ ព្រឹក​ឡើង​ឈ្មោះ ខិម យកលុយ​៣​កាក់ ទៅ​ដាក់​អណ្ដើក ស្រាប់តែ​ហ៊ួ​យ​ចេញ​ក្ដាម​វិញ ។ ឈ្មោះ ខិម ក៏​ចាញ់​ហ៊ួ​យ ៣ កាក់​ទៅ​នឹក​អន់ចិត្ត ដល់​ល្ងាច​ទៅប្រាប់​អ្នកតា​វិញ​ថា ‹​អ្នកតា​ខ្ញុំ​មិន​លែង​ទេ ខ្ញុំ​មុខជា​ប្ដឹង​ហើយ “  តែ​ប៉ុណ្ណឹង​ក៏​ដើរទៅ​ផ្ទះ ។​
    ​ពេល​ល្ងាច​មាន​បុរស​ម្នាក់​ឈ្មោះ ស៊ួ​ន ទៅ​បន់អ្នកតា​ថា ឲ្យ​ខ្ញុំ​ដាក់​ត្រូវ ខ្ញុំ​នឹង​ថ្វាយ​ចេក​មួយ​ស្និទ ។ ឈ្មោះ ស៊ួ​ន ក៏​វិល​ទៅផ្ទះ​ដេក ។ យប់នោះ​យល់សប្ដិ​ថា ឃើញ​អ្នកតា​មក​ប្រាប់ថា ‹ ស៊ួ​ន ឯង​មក​បន់​អី បើ ខិម គេ​ប្ដឹង​ពី​អញ អញ​ភ័យ​ដែរ ! ឥឡូវ ស៊ួ​ន ឯង​ទៅ​អង្វរ​ឈ្មោះ ខិម ទៅ​ឲ្យ​តែ​ឈប់​ប្ដឹង សុំ​អញ​ឲ្យ​ឯង​ដាក់ថ្វាយ​ត្រូវ​› ៕
    (​ម​.​ត្រា​ណេ​)

    ​   ​( តាម​ឯកសារ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់ ស្រុក​ខ្មែរ​លេខ : ៥៦-០៥៧ និពន្ធ​ដោយ​លោក ស៊ា​ង លីន នៅ​ភូមិ​អំបែងចេះ ឃុំ​រលួស ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​១៩៥៩ )