​រឿង​អ្នកតា​កង​ជុំ នៅ​ភូមិ​កុមារ​រាជ ស្រុក​បាទី ខេត្ដតាកែវ

    Author: vannak Genre: »
    Rating


    ក្នុង​អតីតកាល​យូរអង្វែង​ហើយ​នោះ មាន​បុរស​ម្នាក់​ឈ្មោះ កង ប្រ​ព​ន្ឋ​ឈ្មោះ ជុំ ។ អ្នក​ទាំង​ពីរ​នេះ​តាំងពីភប់ប្រសព្វ​គ្នា​រកស៊ី​មក ចេះ​តែ​ក្រ​ទៅ​ៗ លំបាក​តោកយ៉ាក​វេទនា​ជាទី​បំផុត នឹក​អៀនខ្មាស​ចំពោះ​អ្នកស្រុក​ជិតខាងណាស់ដោយ​នឹក​ថា ម្ដេច​ក៏​គេ​រកស៊ី​ចេះ​តែ​មាន​ទៅ​ៗ ឯ​ខ្លួនឯង​ម្ដេច​ក៏​ចេះ​តែ​ក្រ?  គិត​ដូច្នេះ​ហើយ ក៏​បបួលប្ដី​ប្រ​ព​ន្ឋ​រត់​ចេញពី​ស្រុក​ទៅ​ព្រៃ ធ្វើ​ចម្ការ ដាំ​ដំណាំ​គ្រប់​បែបនៅ​ទី​មួយ​ឆ្ងាយ​ពី​គេ​។ នៅ​កន្លែង​នោះ​គេ​សង់​ខ្ទម​តូច​មួយ គ្រាន់​នឹង​ជ្រក​នៅ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។ លុះ​យូរ​ៗ​ទៅ ឈ្មោះ​នាង​ជុំ ប្រកប​របរ​រកស៊ី​ចេះ​តែ​ចម្រើន​ឡើង​ៗ ក៏​បាន​រុះរើ​ផ្ទះ​របស់​ខ្លួន​ពី​កន្លែង​ចាស់ យក​មក​សង់​ត្រង់​កន្លែង​ចម្ការ​របស់​ខ្លួន​នោះ ឯ​ឈ្មោះ​កង និង​នាង​ជុំ ទាំង​ពីរនាក់​នេះ ជា​មនុស្ស​សុចរិតទៀងត្រង់ មានធម៌​សប្បុរស​សង្គ្រោះ​ដល់​អ្នក​កំសត់ អត់ឃ្លាន​ឯទៀត​ណាស់ ហៅ​គេឯងឱ្យមក​នៅ​ជាមួយ​ផង​ក៏​មាន​។ មិនយូរ​ប៉ុន្មាន អ្នក​ទាំង​ពីរ​បាន​ក្លាយទៅជា​អ្នកមាន​ស្ដុកស្ដម្ភ​មាំមួន​ជាងគេ មានបរិវារ​ក៏​ច្រើន​។ ចំណែក​អ្នក​ដែល​ក្រខ្សត់​ឯទៀត​ៗ​ក៏​តែងតែ​ចូល​ទៅ​ខ្ចីបុល ស្រូវ​អង្ករ​ប្រាក់​កាស អំពី​ឈ្មោះ​កង នាង​ជុំ គ្រប់​គ្នា​តែ​អ្នក​ទាំង​ពីរ​នេះ​តាំងពី​ទៅ​នៅ​ទីកន្លែង​នោះ បាន​ធ្វើ​កន្លែង​មួយសម្រាប់​អុជ​ទៀន​ធូប​បូជា ដាក់​នំចំណី​សែនជា​ធម្មតា​រៀងរាល់ថ្ងៃ ។
    អ្នក​ជិតខាង​ឃើញ​អ្នក​ទាំង​ពីរ​ធ្វើ​ដូច្នោះ ក៏​នាំ​គ្នា​ធ្វើ​តាម លុះ​អ្នក​ទាំង​ពីរ​ចាស់ជរា​ស្លាប់​បាត់​ទៅ អ្នកស្រុក​នៅ​ឯក្រោយ​ក៏​នាំ​គ្នា​បូជា​កន្លែង​នោះ​ជាប់​រហូត​មក។ កន្លែង​នោះ​ដើម​ឡើយ​គេ​ហៅ​ថា ចម្ការ តា​កង យាយ​ជុំ លុះដល់​មកខាងក្រោយ​ក៏​ក្លាយទៅជា​ហៅ​ថា អ្នកតា​កង​ជុំ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។
    មានកូន​ប្រុស​តា​កង​យាយ​ជុំ​ម្នាក់​ឈ្មោះ ឈុំ ជា​អ្នកកាន់កាប់​ថែរក្សា​អ្នកតា​កង​ជុំ​នេះ តែ​មិន​បាន​ជាប់​ទេ គ្រាន់តែបាំង​ម្ដង​ៗ ក្នុង​ពេល​ដែល​គ្រូ​ឈុំត្រូវ​ទៅ​ព្យាបាល​ជម្ងឺ​ឱ្យ​បានដឹង​ជា​មុន​ថា ជម្ងឺ​នេះ​មើល​បាន ជម្ងឺ​នេះ​មើល​មិនបាន​តែ​ប៉ុណ្ណោះ ។
    សព្វ​ថ្ងៃនេះ អ្នកស្រុក​តែងតែ​គោរព​បូជា​។ កាលបើ​ស្រុក​មិន​ស្រួល​ដោយ​មាន​ជម្ងឺ​រាតត្បាត គេ​បបួល​គ្នា​ធ្វើបុណ្យកំសាន្ដ​ស្រុក សុំ​ឱ្យ​បាន​សេចក្ដីសុខ​សប្បាយ មាន​និមន្ដ​ព្រះសង្ឃ​៨​អង្គ​មក​ឆាន់ សូត្រធម៌​ដារ មានធម៌​កុស​លា​ជាដើម ហើយ​មាន​រៀប​ធ្វើ​រទេះសេះ​-​គោ​-​ក្របី​-​ដំរី ដោយ​ដើម​ចេក​ផ្ទុក​ដោយ​ចំណី​គ្រប់មុខ​ក្នុង​នោះ ប​ញ្ជូន​ទៅ​ដើម្បី​ឱ្យបាន​សេចក្ដីសុខ​សប្បាយ។ កាលបើ​ធ្វើបុណ្យ​រួច​កាលណា ក៏​ឃើញ​ស័​ក្ដិ៏​សិ​ទ្ឋិ​ប្រាកដ​មែន ។
    ម្យ៉ាងទៀត បើ​ដល់​ខែ​ពិសាខ​ហើយ មិន​មាន​ភ្លៀង អ្នកស្រុក​បបួល​គ្នា​ធ្វើបុណ្យ​បួងសួង​សុំ​ទឹកភ្លៀង ដូច​រៀបរាប់ខាងក្រោម​នេះ ។
    ពី​ល្ងាច​និមន្ដ​ព្រះសង្ឃ​៤​អង្គ សូត្រធម៌​ប្រែ​អាកាស មាន​សូត្រធម៌​ជ័យ​ន្ដោ​ជាដើម រៀង​ធ្វើ​រាជ​វិ​តិ​ព័​ទ្ឋ​ជុំវិញ ឱ្យ​លោកគង់​ខាងក្នុង ពួក​ឧបាសក ឧបាសិកា​នៅ​ខាងក្រៅ មាន​បាត្រ​៤​គ្រប់​លោក​ទាំង​៤​អង្គ ទឹកអប់​ដាក់​គ្រប់​បាត្រ​ទាំង​៤ ឱ្យ​លោក​សូត្រធម៌​បាចទឹក​គ្រប់​ទិស​ទាំង​៤ គេ​ធ្វើ​ពិធី​នេះ​នៅ​ចំពោះ​មុខ​អ្នកតា លុះ​ព្រឹក​ឡើង ទើប​និមន្ដ​ព្រះសង្ឃច្រើន​អង្គ (​មិន​មាន​កំណាត់​) គឺ​បើ​លោក​ក្នុង​វត្ដមាន​ប៉ុន្មាន គេ​និមន្ដ​ទាំងអស់​ទៅ​កន្លែង​អ្នកតា មាន​អាចារ្យ៣​នាក់​រៀប​ស្លាធម៌​១​គូ ចម្អាប​១​ស្ពក បង្អែម​១​ថាសដាក់​ចំពោះ​មុខ​អ្នកតា ហើយ​នាំំ​គ្នា​យក​បា​យមក​រាប់បាត្រ​និមន្ដព្រះសង្ឃសូត្រធម៌ កុស​លា ជាដើម រួច​ប្រគេន​ព្រះសង្ឃ​ឆាន់​អាចារ្យ​នាំ​គ្នា​អុជ​ទៀន​ធូប​បួងសួង​សុំ​ ទឹកភ្លៀង ហើយចាប់​ចម្អាប និង​បង្អែម​គ្រប់មុខ​យក​មក​ថ្វាយ​អ្នកតា។ ឯ​អាស្រម​អ្នកតា​នោះ មាន​ទំហំ​២​ម​.​បួន​ជ្រុង សសរឈើ ប្រក់​ក្បឿង មាន​រានហាល​ខាង​មុខ​១​ម​, មាន​ដើមឈើ​ធំ​ៗ​ខ្ពស់​ៗ​ពី​ខាងត្បូង ខាងកើត ខាងជើង និង​ខាងលិច មាន​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ទទា បានជា​ហៅថាភ្នំ​ទទា ពីព្រោះ​ភ្នំ​នោះសម្បូរ​ដោយ​សត្វ​ទទា ព្រាន​ទាក់​សត្វ​តែងតែមក​ទាក់នៅ​ភ្នំ​នោះ បាន​ជាប់​ឈ្មោះ​ថា ភ្នំ​ទទា​ៗ ​រហូត​មក​ដល់​សព្វថ្ងៃនេះ ។
    នៅ​លើ​ភ្នំ​នោះ​មាន​វត្ដ​មួយ​ហៅ​ថា វត្ដ​ភ្នំ​ទទា​ដែរ មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ​គង់នៅ​រៀនសូត្រ​ធម៌​វិន័យ​មាន​រៀប​ធ្វើ​ ជាជណ្ដើរ ដោយ​បេតុង​អា​មេ​ពី​ជើងភ្នំ​រហូត​ដល់​កំពូលភ្នំ។ ឯ​ភ្នំ​នោះ​មានកំ​ពស់​ប្រហែល ១០០ ម​. ។
    សូមជួយ​ Like Facebook ផង!