រឿងប្រវត្តិអ្នកតា ពុំ​-​សែន

    Author: vannak Genre: »
    Rating

    នៅ​ភូមិ​សូ​សែន សង្កាត់​សូ​សែន ស្រុក​ព្រៃឈរ កំពង់ចាម មាន​អ្នកតា​មួយ​គេ​ហៅ​ថា​អ្នកតា “​ពុំ​-​សែន​” មាន រឿងរ៉ាវ​ទាក់ទង​នឹង​អ្នកតា​នោះ​ដូច​តទៅ ៖
    ប្រមាណ​ជា​ក្នុង ព .​ស ២៣៨៤ មាន​យាយ​តា​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ “​តា​ពុំ យាយ​សែន ” គាត់​នៅ​ស្រុក​សំរោង ខែត្រ​ជាមួយ​គា្ន ទាំង​ពីរ​នាក់​បបួល​គា្ន​ទៅរ​កភូមិ​ថ្មី​មួយ​នៅ​ភូមិ​គុក​គុហា (​បើ​ហៅ​តាម​អ្នកស្រុក​ថា ភូមិ​បន្ទាយ​) គាត់​បាន​បោះគោល​ជា​ចារឹក​វាតទី​ភូមិ​ប្រមាណ​ជា​ពី​រហិក​តា​៤​ជ្រុង​ស្មើ ហើយ​បាន​សង់ផ្ទះ​មួយ​ខ្នង​តូច ដោយ​គ្រឿងឈើ​ប្រក់​ស្លឹក មាន​លើកដី​ចាក់​ព័ទ្ធ​ជុំវិញ​ជា​ទំនប់​ទឹក ដាំ​ដំណាំ​ផ្សេង​ៗ មាន​ចេក ខ្នុរ ជាដើម ។ នៅ​ខាងកើត​ភូមិគាត់​ចម្ងាយ​ប្រមាណ​២០០​ម​. មាន​ដើម​ពោធិ៍​១​ដើម ដុះ​នៅ​លើ​ដី​ទួល​មួយ​ខ្ពស់ ដែល​មានព្រៃ​ដុះ​ព័ទ្ធ​ជុំវិញ នៅ​ពេលយប់​គេ​តែង​ឃើញ​មាន​ភ្លើង​ហោះ​ចេញពី​ដើម​ពោធិ៍​នោះ​ជា​និច្ច​រាល់ថ្ងៃ ។ យាយ​សែន​មាន​សេចក្ដី​សង្ស័យ ទើប​ប្រើ​តា ពុំ ជា​ប្ដី​ឱ្យទៅ​មើល​ត្រង់​ដើម​ពោធិ៍​នោះ បាន​ប្រទះ​ឃើញ​រូបចម្លាក់​មួយសាង​ដោយ​ថ្ម សណ្ឋាន​ជា​មនុស្ស​ឈរ​ផ្អែកនឹង​គល់​ពោធិ៍ គាត់​ពិនិត្យ​សព្វគ្រប់​ទៅ​ឃើញ​ដូច​ជា​ព្រះ​ពុទ្ធរូប ហើយ​មាន​ពណ៌​ស​ប្រផេះ ដូច​ជា​ថ្មថ្លើមអណ្ដើក ទំហំ ៤​ដ​.​ម កំពស់​ប្រមាណ​១​ម៉ែត្រ​កន្លះ ឥត​មាន​ឆ្លាក់​ក្បាច់​អ្វី​ទេ ។ តា​ពុំ​បានឃើញ​ដូច្នោះ ក៏​ដើរ​និយាយ​ប្រាប់​អ្នកផង គ្រប់​គ្នា​ឱ្យ​ជួយ​ពិចារណា​មើល តើ​ជា​រូប​អ្វី? នរណា​យក​មក​ចោល​នៅ​ក្រោម​ដើម​ពោធិ៍​នេះ ? ឬ​ក៏​អ្នក​ណា​សាងទុក​ពី​កាលណា? កាល​អ្នក​ស្រុកភូមិ​បានដឹង​គ្រប់​គ្នា​ហើយ មាន​សេចក្ដី​សង្ស័យ​គ្រប់​គ្នា ក៏​បបួល​គ្នា​ធ្វើបុណ្យ​អស់ ១​យប់​១​ថ្ងៃ ដោយ​និមន្ដ​ព្រះសង្ឃ​ចម្រើន​ព្រះ​ប​វិត្ដ ទេសនា​ឆាន់​បង្ហើយ​កិច្ច។ ចប់​ពិធីបុណ្យ​គេ​នាំ​គ្នា​យកអំបោះ​ចង​រូប​នោះ ហើយ​អន្ទង​លើក​ឡើង ដុសខាត់​ទៅ ឃើញ​រូបភាព​ជា​ស្រី មាន​ផ្នួងសក់​ចំ​កណ្ដាល​សិរសា​ខាងលើ នៅ​លើ​ថ្ងាសមាន​ជរ​ទ្រ​ជើងសក់​លែងខ្លួន​ទទេ​ត្រឹម​ចង្កេះ ឯ​សំពត់​ស្លៀក​សំឡុយ ដៃ​ទាំង​សងខាង​ដាក់​ផ្អោប​នឹង​ដងខ្លួន​ពី​ត្រឹម​កែងដៃ​បត់​មក​ខាង​មុខ ហើយ​ដៃស្ដាំ​ក្ដាប់​ផ្កាប់មុខ​ចុះ​ក្រោម ដៃ​ឆ្វេង​ក្ដាប់​ផ្ងារ​ឡើង​លើ (​ឥឡូវនេះ​គេ​វាយរូប​នោះ​បំបាក់​ក យក​ក្បាល​ទៅ​ចោល​ឯណា​បាត់​ទៅ​ហើយ ពិនិត្យ​មើលទៅ​មិនដឹង​រូប​បែប​ណា​ឡើយ​) ហើយ​រូប​នោះ តាំង​តែ​ពី​គេ​វាយបំបាក់​ក យក​ក្បាល​ចោល​បាត់​ទៅ​នោះ អ្នកស្រុក​ភូមិ​ជិតខាង​ចេះ​តែ​ពុំ​សូវ​បាន​សុខ​សប្បាយ បន្ដិច​ឈឺមនុស្ស បន្ដិច​ឈឺ​សត្វពាហនៈ អ្នកស្រុក​ភិតភ័យ​ជា​ខ្លាំង អ្នកខ្លះ​នឹក​ស្មានថា រូប​នោះ​ធ្វើ​ឱ្យ​ឈឺ ក៏​យក​ស្លាធម៌​១​គូ បា​យស​ក្រហម បង្អែម​ពីរ​បី​មុខ យក​ទៅ​ថ្វាយ​រូបភាព​នោះ ហើយ​អុជ​ទៀន​ធូប​និយាយ​បន់ស្រន់​ថា​សុំ​ឱ្យ​កូនចៅ បានជា​សះស្បើយ គោក្របី​ក៏​ឱ្យ​បានជា​សះស្បើយ​ទៅ នឹង​ធ្វើ​រោង​ប្រក់​ក្បឿង​ថ្វាយ ហើយ​លើក​រូប​នេះ​ដាក់​លើ រោង​ឱ្យ​ផុត​ពី​ដី​។ កាល​បន់ស្រន់​រួច ត្រឡប់​មក​ផ្ទះ​វិញ ជម្ងឺ​ទាំង​ប៉ុន្មាន​ក៏​បាន​ស្រាកស្រាន្ដ​ដូច​ប្រាថ្នា រួច​ក៏​ទៅ​ធ្វើរោង​តាម​បំណន់​ដែល​ខ្លួន​បាន​បន់​នោះ មាន​រៀប​ស្លាធម៌​១​គូ ទឹកអប់​១​គូ ផ្កា​១​គូ ទៀន​៥ ធូប​៥ ។​ល​។
    និយាយ​ពី​យាយ​សែន ប្រពន្ធ​តា​ពុំ ដល់​មាន​ទីលំនៅ​ក្បែរ​ខ្ទម​រូប​នោះ យាយ​សែន​មាន​ជម្ងឺ​ហើម​អស់ទាំង​ខ្លូ​ន ជាង​១​ឆ្នាំ​មក​ហើយ រក​គ្រូ​មើល​ពុំជា​សោះ បានឮ​អ្នកស្រុក​ជិតខាង​នាំ​គ្នា​ឈូឆរ​មក​បន់ស្រន់ គោរព​បូជា​រូប​នោះយ៉ាង​គគ្រឹកគគ្រេង​ដូច្នោះ គាត់​ក៏​ប្រើ​ប្ដី​គាត់​ឱ្យទៅ​សុំ​ទឹកអប់​ពី​រូប​នោះ​មក​ល្បងមើល។ លុះ​ប្ដី​យក​ទឹកអប់បាន​មក​ហើយ គាត់​ក៏​សួរ​ប្ដី​ថា ទឹកអប់​នេះ​នឹង​ធ្វើ​ដូច​ម្ដេច​ខ្លះ ប្ដី​ប្រាប់​ថា​លោកតា​ឱ្យ​ផឹក​ផង​ឱ្យ​លាប​ខ្លួនប្រាណ​ផង ។
    ចាប់តាំងពី​ថ្ងៃ​ដែល​គាត់​បាន​ព្យាបាល​រោគ​ដោយ​ទឹកអប់​នោះ​មក រោគ​ក៏​កាន់តែ​ស្រាកស្រាន្ដ​បាន​ស្រួល​បន្ដិច​ម្ដង​ៗ ត្រឹមតែ​៨​ថ្ងៃ​ប៉ុណ្ណោះ​ក៏​បានជា​សះស្បើយ ហើយ​ឱ្យ​ប្ដី​នាំ​គាត់​ទៅ​ខ្ទម​អ្នកតា ទៅ​ដល់​ហើយ​គាត់​ថ្វាយបង្គំ​រូប​នោះ ក៏​ស្រាប់តែ​គាត់​ក្រ​ញែ​ង​ខ្លួន​ដូច​ជា​រូបអារក្ស​ដែល​ខ្មោច​កំពុង​ចូល ស្រែកច្រៀង​ជា​បទ​ភ្លេង​ទសបារមី នាំ​តា​ដើរប្រទក្សិណ​រូប​នោះ រួច​និយាយ​ថា ៖ អ្នកឯង​មិន​ស្គាល់​យាយ​ទេ​ឬ ?
    ប្ដី​ឆ្លើយ​ថា ៖ មិន​ស្គាល់​លោកយាយ​ទេ ចុះ​លោកយាយ​ឈ្មោះ​អ្វី​ទៅ ? ហេតុ​ម្ដេច​បានជា​មក​នៅ​ក្រោម​ដើម​ពោធិ៍​នេះ? តើ​អ្នក​ណា​យក​រូប​មក​ទុក​ដូច្នេះ?
    យាយ​សែនខ្មោច​ចូល​ក៏​ប្រាប់​វិញ​ថា ៖“​យើង​នេះ​ឈ្មោះ​ទេពធីតា​រក្សា​មនុស្សលោក ដែល​ថា​អ្នក​ណាយ​កមក​នៅ​ក្រោម​ដើម​ពោធិ៍​នេះ យើង​ឥត​ដឹង​ទេ ព្រោះ​យើង​តែងតែ​ចុះ​មក​ជួយ​ស្រោចស្រង់​មនុស្ស លោក​ជា​និច្ច មិនមែន​ស្ថិត​នៅ​ក្រោម​ដើម​ពោធិ៍​នេះ​ទេ ឥឡូវ​ដែល​យើង​មក​ចួ​ល​រូប​យាយ​សែន​នេះ ក៏​ដើម្បី​ជួយស្រោចស្រង់​សង្គ្រោះ​មនុស្ស​ក្នុងស្រុក​នេះ ឱ្យ​បាន​សុខ​សប្បាយ​ទាំងអស់​គា្ន បើ​អ្នកឯង​ចង់បាន​ឱ្យ​ភូមិ​នេះ​ថ្កុំថ្កើង​រុងរឿង នោះ​ត្រូវធ្វើ​តាម​បង្កា​ប់​យើង​ដូច​តទៅ​នេះ ៖”
    របៀប ៖ កាលបើ​យាយ​សែនថ្លែងប្រាប់​រួច​ហើយ តា​ពុំ​ក៏​ធ្វើ​តាម​បង្គាប់​គឺ ៖ ឱ្យធ្វើ​ស្លាធម៌​១​គូ ទឹកអប់​១​គូ បាយសី​១​គូ លាជ បារី ផ្កា​១​គូ​ៗ ទៀន​៥ ធូប​៥ ធ្វើ​រួច​ហើយ​ឱ្យ​លេងភ្លេង​ខ្មែរបញ្ជាន់រូប​យាយ សែន ថែម​ទៀត ។
    អំពី​វិធី​បន់ស្រន់ ៖ ការ​បន់ស្រន់​តាំងពីរ​ដើម​រៀង​ៗ​មក​យ៉ាងណា ឥឡូវនេះ​ក៏​នៅ​មាន​ដូច្នោះ​ដែរ​គឺថា ៖ កាលបើមាន​ជម្ងឺ​អ្វី​កើតឡើង​ក្ដី ឬ​គេ​ប្រាថ្នា​អ្វី​ក្ដី ដូច​ជា​ប្រាថ្នា​ឱ្យធ្វើ​ស្រែ​ចម្ការ​បាន​ផល​ល្អជា​ដើម គេ​តែង​ទៅ​បន់ស្រន់​សុំ​ទឹកអប់​ហើយ​បួងសួង​តាម​បំណង​ដែល​គេ​ប្រាថ្នា ។
    អំពី​សែន​ថ្វាយ ៖ គ្រឿង​តង្វាយ​នោះ​គឺ​លេងភ្លេង និង​កាច់​ផ្កា​ថ្វាយ​។ សព្វ​ថ្ងៃនេះគេ​ច្រើន​ថ្វាយ​មាន់​ប្រជល់​១​គួ ជួនណា​គេ​បន់​ធ្វើបុណ្យ​ថ្វាយ លុះដល់​យាយ​សែន​នោះ​ស្លាប់​ទៅ ក៏​ចូល​រូប​ដទៃ​ជា​ច្រើន​តំណ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ តែ​ទោះបី​ចូល​រូប​យាយ​ណា​ក៏​ដោយ ក៏​គេ​ហៅ​ថា​យាយ​សែន​ៗ តាម​ឈ្មោះ​យាយ​ដែល​ចូល​រូប​ពី​ដើមដំបូង​នោះ​ដែរ ។
    អំពី​បន់​លេងភ្លេង ៖ ពិធីបញ្ជាន់រូប​យាយ​សែន​នោះ បាន​របៀប​បន់ស្រន់​សែន​ថ្វាយ ដូច​រៀប​ខាងលើ សព្វគ្រប់​អស់ ហើយ ឯ​ភ្លេង​តែ​មួយ គឺ​ភ្លេង​ទសបារមី​មាន​ទំនុកច្រៀង​ថា ៖
    សូម​ថ្វាយបង្គំ សម្ដេច​បារមី  មាន​រិ​ទ្ធិ​ក្រាសក្រៃ អំណាច​ជាក់ស្ដែង ។
    មិនដឹង​ទេ​ឬ ? ឈ្មោះ​ទេពធីតា  ចុះ​មក​រក្សា មនុស្សលោក​សព្វថ្ងៃ ។
    អ​ញ្ជើញ​គ្រូ​តូច អ​ញ្ជើញ​គ្រូធំ ស្ថិត​នៅ​លើ​កំពូលភ្នំ ចុះ​មក​ស្ថាន​អាយ ។
    នាង​ស្រី​សែន​ស្រណោះ អណ្ដាត​ជាងភ្លើង គ្រលួច​ឆេះ​ឡើង ចង្ក្រាន​បិសាច ។
    រឿងរ៉ាវ​ទាំងនេះ គេ​បាន​និយាយ​ត​ៗ​គ្នា​មក​ជា​យូរអង្វែង​ឆ្នាំ​ហើយ លោកគ្រូ​ម៉ៅ រឹត វត្ដ​សូ​សែន សង្កាត់​សូ​សែន ស្រុក​ព្រៃឈរ ខែត្រ​កំពង់ចាម ជា​អ្នកដឹង​រឿង​ទាំងនេះ ។